-គេនាំគ្នារៀបចំកិច្ចការពិព័រណ៌ ឲ្យតែចំពោះមនុស្សគេស្គាល់គ្នាស្និទ្ធស្នាល ផ្ទុយទៅវិញ គេមិនរវីរវល់នឹងសិល្បករ ដែលប្រកបដោយទេពកោសល្យនោះឡើយ ។

-សព្វថ្ងៃនេះ គេច្រើនតែឃើញវត្តមាន អ្នករកស៊ី និង អ្នកបច្ចេកទេស ដំណែងខ្លួន (កាឡាខ្លួន) ជាសិល្បករ ហើយនាំគ្នាបង្កើតបណ្ដាញ និង រចនាសម្ព័ន្ធពុករលួយ “ឯងជួយអញ អញតាំងពិព័រណ៍ឲ្យឯង” នៅគ្រប់ទិសទី…

-សិល្បៈ ដើម្បីតែ សិល្បៈ (art for art) មានរូបរាងប្រហោងក្នុង ហើយមិនដឹងជាត្រូវនិយាយពីអ្វីទៅទៀត ។ សិល្បករ ក្នុងភពសិល្បៈ ដើម្បីតែ សិល្បៈ ឬគេហៅម្យ៉ាងទៀតថា អ្នកទម្រង់និយម (formalist) ច្រើនតែទន្ទេញពាក្យ materiality និង ពាក្យ practicallity ចាំស្ទាត់ដូចសត្វសេក គួរឲ្យស្វប់ស្ញែងក្រៃលែង ដោយមិនរវល់នឹងជីវិតអ្វីទាំងអស់ ។

-Formalism, (n): ទម្រង់និយម, ១) ទស្សនទានដែលកំណត់ថា ការពិតវិទ្យាសាស្រ្ត មានជាអាទិ៍ គណិតសាស្រ្ត ជាការពិតសុទ្ធវិចារ ហើយផ្អែកតែទៅលើនិមិត្តរូបប៉ុណ្ណោះ ។ ២) ទស្សនៈដែលយល់ថា ទម្រង់និយម បដិសេធជីវិត និង ឧបករណ៍រូបធាតុ ។ ៣) វិចារណកម្ម ដែលមានលក្ខណៈមធ្យ័ត ហើយ រឹងឆ្ដុប ស្របទាំងស្រុង នឹង គោលការណ៍ វិចារណសាស្រ្ត ។

-សិល្បៈ គឺជា ការឈឺចាប់ ។ សិល្បៈ គឺជាការផ្សងព្រេង ក្នុងផ្លូវគំនិត ។

-ការធ្វើជាសិល្បករផង ឯកឧត្ដមផង ជាឧកញ៉ា ឬ ជាអ្នកលក់ឡានផង អ្នកនោះពុំមែនជាសិល្បករទេ ។

-សិល្បករ ជាបុគ្គលរស់នៅក្រៅសង្គម ហើយពុំចំណុះ ឬក៏ រណបនឹង នរណាម្នាក់ ឬក្រុមណាមួយឡើយ ។ គេជាអ្នកសង្កេតជីវិត ។

-សិល្បករ ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ច្រើនរណប ឬ ចំណុះឲ្យ បណ្ដាញស្ថាប័នសិល្បករ ដែលគេរៀបចំឡើង សម្រាប់សប់បំប៉ោងតម្លៃ និង មុខមាត់កិត្តិយស ។

-សិល្បៈ ផ្ទុយពី នយោបាយ ។ នយោបាយជា សិល្បៈបោកបញ្ឆោត (អ្នកនយោបាយខ្លះ ពុំមានសិល្បៈបញ្ឆោតទៅទៀត) កាប់សម្លាប់ដណ្ដើមអំណាចគ្នា ដោយឥតអៀនខ្មាស ។ រីឯសិល្បៈ ថ្លាថ្លែងអំពីជីវិត ទុក្ខសោក និង អាថ៌កំបាំងស្នេហា ។

-សិល្បករ ពុំត្រូវរណប ឬ បម្រើ នយោបាយពួកឆ្វេងនិយម ឬ ពួកស្ដាំនិយមឡើយ ។ បើមិនដូច្នេះទេ សិល្បករ គឺគ្រាន់តែជាអ្នកបម្រើនយោបាយតែប៉ុណ្ណោះ ។

-សិល្បករ គឺជាមនុស្សអត់ឃ្លាន វេទនា គ្មានទីបញ្ចប់ ។

-សិល្បៈ ពុំមែនជាការងារ (carrier) ដូចដែលគេយល់ច្រលំ តៗគ្នានោះទេ ។ សិល្បៈ គឺជា មានបនកម្ម (creation) ប្រកបដោយខ្លឹមសារសាកលទូលំទូលាយ ។

-សិល្បៈ គឺជាការកន្ត្រាក់អារម្មណ៍ ។

-សិល្បករ ជាជនអនាថាផ្លូវគំនិត ហើយពុំអនុលោមទៅនឹង ច្បាប់សង្គមដ៏តឹងតែងឡើយ ។

-មនុស្ស ឬ សិល្បករ រមែងដេញតាមរក សោភ័ណ (ស្អាត) តែទោះយ៉ាងណា ស្អាតនេះប្រែប្រួលជានិច្ច ។ តើស្អាត និង អាក្រក់ ជាធាតុតែមួយទេឬ ?